ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៥០គ្រួសារបន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន ១,៦៥០គ្រួសារ ស្មើ ៥,៨១៨នាក់ដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារ ចំនួន ១,៦៥០គ្រួសារ ស្មើ ៥,៨១៨នាក់ ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

គួរឲ្យដឹងដែរថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ដោយគិតត្រឹមខែកញ្ញានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕