អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ។

នៅថ្ងៃទី២៤ ខែកញ្ញានេះ ជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣២ឆ្នាំហើយ។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាទាំង៣គឺ៖ ១)អំណាចនីតិបញ្ញត្តិ, ២)អំណាចនីតិប្រតិបត្តិ និង ៣)អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម៕






