ខេត្តព្រះសីហនុ សូមស្វាគមន៍ជើងហោះហើរដែលតភ្ជាប់ផ្ទាល់ពីទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាលើកទី១។ នេះបើតាមការឱ្យដឹងពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនាថ្ងៃទី២៦ ខែកញ្ញានេះ។

លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដែលបាននាំអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាព នាវេលាម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។ លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាឡើងវិញនេះ គឺជាការឆ្លើយតបយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរ ព្រមទាំងការពង្រីកគោលដៅថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជាតិទាំងពីរ៕






