រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (ANA) ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញ។ ការស្នើរបស់លោករដ្ឋមន្រ្តីនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ដឹកនាំដោយលោក Eiji Yamakita នៅពន្លាទេ​សចរណ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសជំនួបនោះ​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways ដ៏ធំមួយនេះរហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ​តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា  និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់​កន្លងមក។

ទន្ទឹមនឹងនេះដែរ លោកក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរត្រង់មកកម្ពុជាឡើងវិញ ជាមួយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ និងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ (ANA) គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ជប៉ុន បានចាប់ផ្ដើមការហោះហើរជាលើកដំបូងមកទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយហោះហើរ៧ជើងក្នុង១សប្ដាហ៍ និងប្រើប្រាស់ប្រភេទយន្តហោះ Boing 768។ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣.០០០នាក់។

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ៕