សម្តេចតេជោ៖ សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ដើម្បីផ្សារភ្ជាប់ និងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពអតីតយុទ្ធជនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាគម អតីតយុទ្ធជនបានកំពុងនិងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងគិតគូរដល់អតីតយុទ្ធជន ហើយក៏បានរួមចំណែកក្នុងការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលម្អជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជន និងការពង្រឹងធ្លុងសាមគ្គី ឯកភាពក្នុងជួរអតីតយុទ្ធជន ដើម្បីឆ្លើយតប ទៅនឹងបរិការណ៍ថ្មីនៃសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចតេជោថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញដោយការសម្រេចឱ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍និងអតីតយុទ្ធជន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់បន្តថា ដួងព្រលឹងរបស់បុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងធ្វើជានិមិត្តរូបនៃការធ្វើពលីកម្មសម្រាប់ខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរៈ ភាព ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងជានិរន្តផងដែរ។

សូមជម្រាបថា តាមរយៈមហាសន្និបាតនោះ សម្តេចតេជោ បានអះអាងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជា​ធិប​តេយ្យ ​និង​វឌ្ឍនភាព​សង្គម​ ដោយបាន​សង្រ្គោះអា​យុជីវិត​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ពី​គ្រោះ​មហន្តរាយពី​គ្រោះ​មរណៈ និង​នាំ​មក​វិញនូវសិទ្ធិ​សេរីភាពគ្រប់​យ៉ាង​បាន​បាត់​បង់​ទាំង​ស្រុង​ក្នុង​របប​អាវខ្មៅ ជាពិសេស​ការ​ទទួល​បាន​សិទ្ធិ​រស់​រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និង​សម្ភារៈ​របស់​ប្រជាជន ប្រជាជាតិ​ខ្មែរ ត្រូវ​បាន​កសាង​ពូន​ជ្រុំ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ​របស់​ខ្លួននោះរស់​ឡើង​វិញ​៕ អត្ថបទ៖ហ្សាលីន