ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួន និងផ្តល់យោបល់ដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អំពីការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ឱ្យបានត្រឹមត្រូវ។

តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា មានអ្នកស្គាល់គ្នាជាច្រើននាក់ បានសួរលោកថា តើកូនរបស់ពួកគេ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គួរសិក្សាជំនាញអ្វី នៅថ្នាក់ឧត្តមសិក្សា។ មែនទែនទៅ ការសិក្សាជំនាញអ្វី ក៏ល្អ ដោយវាអាស្រ័យទៅតាមចំណង់ចំណូលចិត្ត ស្ថានភាពគ្រួសារ និងបំណងប្រាថ្នារបស់បុគ្គលនោះតែម្តង។ ទោះយ៉ាងណា បើផ្អែកទៅតាមនិទ្ទេស ដែលបានមកពីការប្រឡងជាក់ស្តែង នោះលោកឧកញ៉ា មានយោបល់ដូចខាងក្រោម៖
១.សម្រាប់អ្នកជាប់និទ្ទេស A & B ផ្នែកវិទ្យាសាស្រ្ត៖ អ្នកគួរសិក្សាផ្នែកវេជ្ជសាស្រ្ត វិស្វរកម្ម បច្ចេកវិទ្យា ឬរៀនធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា ឬគីមីវិទ្យា។
២.សម្រាប់អ្នកជាប់និទ្ទេស A & B ផ្នែកសិក្សាសង្គម៖ អ្នកគួរសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ ច្បាប់ រដ្ឋបាលសាធារណៈ ឬរៀនធ្វើជាផ្នែកអក្សរសាស្រ្ត ផ្នែកសង្គម ឬប្រវត្តិវិទ្យា។
៣.សម្រាប់អ្នកជាប់និទ្ទេស C & D គ្រប់ផ្នែក៖ អ្នកគួរសិក្សាផ្នែកសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ដែលទាក់ទងគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ទីផ្សារ ឬការគ្រប់គ្រងទូទៅ ដែលងាយរកការងារធ្វើ។
៤.សម្រាប់អ្នកជាប់និទ្ទេស E & F គ្រប់ផ្នែក៖ អ្នកគួរសិក្សាជំនាញបច្ចេកទេសខ្លីៗ ដែលអាចករកលុយបានភ្លាមៗតែម្តងដូចជា ជាងភ្លើង ជាងទឹក ជាងម៉ាស៊ីនត្រជាក់ ឬជាងផ្សេងៗទៀត ហើយចាំសិក្សាយកសញ្ញាបត្រ កម្រិតបរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតតាមក្រោយ ហើយស្រួលមិនស្រួល អ្នកអាចក្លាយទៅជាម្ចាស់អាជីវកម្ម ដោយអាចមានអ្នកជាប់បាននិទ្ទេស A, B, C & D មកធ្វើការអោយអ្នក ក៏មិនដឹង។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ទៀតថា និទ្ទេស A, B, C, D, E & F គឺវាសំខាន់តែពេលរៀនចប់ថ្នាក់វិទ្យាល័យតែប៉ុណ្ណោះ ព្រោះជីវិត និងក្រុមគ្រួសាររៀងខ្លួន ក្រោយរៀនចប់បាក់ឌុប ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ទើបជារឿងសំខាន់បំផុត៕

