ឥណ្ឌូណេស៊ី កើបចំណូលជិត ៣ពាន់លានដុល្លារ ពីកម្មវិធីទិដ្ឋាការមាសរបស់ខ្លួន

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា បានចេញទិដ្ឋាការមាសចំនួន ១ ០១២ ដល់ជនបរទេស ដោយទទួលបានចំណូលច្រើនជាង ៤៨ទ្រីលានរូពី ឬប្រហែល ២,៩ពាន់លានដុល្លារ ក្នុងការវិនិយោគ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក Yuldi Yusman បានមានប្រសាសន៍ថា សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសវិិនិយោគរបស់ឥណ្ឌូណេស៊ី។ ទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់រដ្ឋាភិបាល ដែលរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

មិនតែប៉ុណ្ណោះ លោក Yusman បានបន្ថែមទៀតថា ក្រៅពីមានគោលបំណងបង្កើនតម្លៃវិនិយោគហើយ ការចេញទិដ្ឋាការមាសនេះ ក៏បានរួមចំណែកផ្តល់ទឹកប្រាក់ ១២,៩ពាន់លានរូពី នៅក្នុងចំណោមរដ្ឋមិនជាប់ពន្ធ (PNBP) គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ផងដែរ។

អ្នកកំពុងកាន់ទិដ្ឋាការមាសមកពីប្រទេសចំនួន ៦១ ដែលជនជាតិចម្រុះមកពីប្រទេសផ្សេងៗជាច្រើន បង្ហាញថាការវិនិយោគ និងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីដោយប្រើទិដ្ឋាការមាសនេះ បានផ្តល់នូវភាពងាយស្រួល។

ជម្រាបជូនថា ដោយត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៤ ទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី គឺជាលិខិតអនុញ្ញាតផ្តល់ការស្នាក់នៅដល់ជនបរទេសសម្រាប់ប្រភេទមួយចំនួន ជាពិសេសអ្នកវិនិយោគ និងជនបរទេសដែលមានជំនាញឯកទេសជាដើម។ ទិដ្ឋាការមាសនេះ មានសុពលភាពរយៈពេលពី ៥ ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន៕​