អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា កម្ពុជា-ថៃ នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ) នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញក្ដីសង្ឃឹមនេះរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើឡើងនៅក្នុងឱកាសឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) នៅទីក្រុងញូវយ៉ក។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានសម្តែងការកោតសរសើរចំពោះភាពជា ដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែលផ្តល់កងម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។

ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ្ររបស់កម្ពុជានៅក្នុងដំណើរការពហុភាគី។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់ កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។

ឆ្លើយតបជាមួយនឹងការលើកឡើងនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ​ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ឯកឧត្តមក៏បានបញ្ជាក់ជាសារជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង

សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបាន

ពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្ដីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែល អំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យ ឯកឧត្តមអគ្គលេខាធិការ បន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះ យើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បានគឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព។

ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. ជូនពរគណៈប្រតិភូកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសន្ទនាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព៕