ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី២ខែតុលានេះបានរៀបចំកម្មវិធីតម្រង់ទិសមុនចេញដំណើរសម្រាប់មន្ត្រីរាជការកម្ពុជាដែលនឹងត្រូវចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលចំនួនបីវគ្គ នៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលា ដល់មន្ត្រីរាជការកម្ពុជាប្រមាណ ៣០នាក់មកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងចំនួន៥ទៀត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព។

កម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមាន៖(១)-ការកសាងសមត្ថភាពសម្រាប់ក្រសួងយុត្តិធម៌ស្ដីពីការប្រឆាំងការសម្អាតប្រាក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា,(២)-ការកសាងសមត្ថភាពស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសនៅអាស៊ីបូព៌ា និង(៣)-ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើផែនការ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។
បើតាមKOICAគូសបញ្ជាក់ថាកម្មវិធីសម្រាប់ក្រសួងយុត្តិធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដោយផ្តោតលើបច្ចេកទេសកោសល្យវិច្ច័យឌីជីថល ដើម្បីបង្កើនការស៊ើបអង្កេត ការកាត់ទោស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនឹងនេះ កម្មវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ និងកម្មវិធីបណ្តុះបណ្តាលលើការរៀបចំផែនការទីក្រុងនិរន្តរភាព ត្រូវបានរៀបចំឡើងដើម្បីគាំទ្រចំនុចអាទិភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយត្រូវបានរំពឹងថានឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសំខាន់ៗទាំងនេះ។
លោក ហ៊ត ស្រ៊ឺ អ្នកជំនាញការជាន់ខ្ពស់ប្រចាំការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជាយល់ឃើញថាកម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកូរ៉េ និងកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជា៕


