រដ្ឋាភិបាល បន្តលើកទឹកចិត្តពិសេសដល់គម្រោង១៧ មានទុនជិត៣០០លានដុល្លារ សម្រាប់ខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន១៧ មានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលខេត្តព្រះសីហនុ បន្តទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០ និង គម្រោងថ្មី ចំនួន ៥ និង គម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.១៩៥ កន្លែង ។

គម្រោងទាំង ១៧ នេះ មានជាអាទិ៍៖ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និង គម្រោងសណ្ឋាគារ ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧.៨០១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥០.៦៧០ កន្លែង។ ក្នុងនោះ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង៕ អត្ថបទ៖ហ្សាលីន