កម្ពុជា សិក្សាស្វែងយល់ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ អំពីការកែច្នៃផលិតផលគ្រាប់ធញ្ញជាតិសរីរាង្គ ខ្សែច្រវាក់ផលិតកម្ម ការផលិតនិងកែច្នៃគ្រាប់ធុញ្ញជាតិ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ចូលរួមពិព័រណ៍ Anuga ២០២៥ និងបំពេញបេសកកម្មពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់ ដោយមានការសហការជាមួយគម្រោង EU German GATE និងដៃគូអភិវឌ្ឍន៍ IPD ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៤ រួមមាន៖ Sela Pepper Co., Ltd, Ample Agro Product Co., Ltd, Handcrafted Cashew Steung Treng (HCST), EU Land and Pepper Investment Co., Ltd និងមានការចូលរួមពីតំណាងសហព័ន្ធស្វាយចន្ទីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេសកកម្មពាណិជ្ជកម្មនេះ មានគោលបំណងសិក្សាស្វែងយល់ជាមួយក្រុមហ៊ុន នៅក្នុងប្រទេសអាល្លឺម៉ង់ អំពីការកែច្នៃផលិតផលគ្រាប់ធញ្ញជាតិសរីរាង្គ ខ្សែច្រវាក់ផលិតកម្ម ការផលិតនិងកែច្នៃគ្រាប់ធុញ្ញជាតិ ព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុន Rapunzel Naturkost របស់អាឡឺម៉ង់។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាផ្សារលក់រាយ ផ្សារលក់ផលិតផលសរីរាង្គ និងហាងលក់ឱសថ/គ្រឿងសម្អាង នៅទីក្រុង Ulm នៃប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការវិភាគទីផ្សារលក់រាយសម្រាប់គ្រាប់ស្វាយចន្ទី ដោយផ្តោតលើការបង្ហាញផលិតផល (Product Display), ប្រភពដើម (Origin) និងបណ្តាញចែកចាយ (Distribution Channels) ក្នុងគោលបំណងកំណត់ឱកាស និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ផងដែរ។

សូមជម្រាបជូនថា ដើម្បីចូលរួមសម្របសម្រួលទីផ្សារកម្ពុជាឱ្យកាន់តែប្រសើរឡើង គម្រោង GIZ បានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូរ ជាមួយគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករខ្នាតតូច សហគមន៍កសិកម្ម និងអ្នកកែច្នៃក្នុងស្រុក ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ពីដំណាំរហូតដល់ផលិតផលសម្រេច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការបង្កើនឱកាសទីផ្សារ ព្រមទាំងជំរុញការនាំចេញប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងកម្រិតអន្តរជាតិ៕