តើគម្រោងថ្មី «កំពង់ផែទេសចរណ៍កំពង់ចាម» នឹងចូលរួមចំណែកអ្វីខ្លះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា?

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានផ្តល់នូវគម្រោងថ្មីមួយ គឺគម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម ដែលនេះជាសមិទ្ធផលមួយថ្មីសម្រាប់ប្រជាជន និងខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើគម្រោងថ្មី កំពង់ផែទេសចរណ៍នៅខេត្តកំពង់ចាម នឹងចូលរួមចំណែកអ្វីខ្លះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា?

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងថ្មីនេះបានបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាម។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា គម្រោងស្ថាបនាកំពង់ផែទេសចរណ៍ដែកបណ្ដែតទឹកនៅក្រុងកំពង់ចាម នឹងជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការធ្វើដំណើរតាមផ្លូវទឹក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។លោកមានជំនឿយ៉ាងមុតមាំថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលជំរុញការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេសការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ នៅតាមខេត្តស្ថិតនៅតាមដងទន្លេមេគង្គ។

ជាមួយគ្នានេះផងដែរ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានបញ្ជាក់ផងដែរថា ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះនៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនៅពេលអនាគត។

គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕