ថ្លែងក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាស រវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» ប៉ុណ្ណោះទេ តែជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។

Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍គូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីពង្រឹង ភាពធន់នៃវិស័យទេសចរណ៍ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការលើកទឹកចិត្តនានា ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍និងផលិតផលទេសចរណ៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍ សម្បទាទេសចរណ៍និងការតភ្ជាប់យ៉ាងច្រើនដែលគាំទ្រនិងបម្រើដល់វិស័យទេសចរណ៍ជាច្រើន ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ការជំរុញជើងហោះត្រង់ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ជាច្រើនទៀតផងដែរ។
សូមជម្រាបថា គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕





