គណបក្សប្រជាធិបតីតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបានជ្រើសរើសយកលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លូួន ដោយបើកឲ្យផ្លូវឲ្យលោកស្រីអាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។

លោកស្រ្តី Takaichi ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុននោះ បានផ្តួលបេក្ខជនប្រុសៗចំនួនបួននាក់ មកពីគណបក្ស LDP រួមទាំងគូប្រជែងដ៏មានឥទ្ធិពលបំផុតរបស់លោកស្រី គឺលោក Shinjiro Koizumi ផងនោះ ដើម្បីក្លាយជាមេដឹកស្ត្រីដំបូងបំផុតរបស់បក្ស។
គួរឲ្យដឹងផងដែរថា បក្ស LDP ដែលបានដឹកនាំប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួនទាំងនៅក្នុងសភាតំណាងរាស្រ្ត និងសភាក្រុមប្រឹក្សា ក្រោមនាយករដ្ឋមន្រ្តី លោក Shigeru Ishiba ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំរបស់បក្ស LDP បន្ទាប់ នៅតែអាចក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីដដែល ព្រោះ LDP ជាក្រុមធំជាងគេនៅក្នុងសភា។ LDP នឹងត្រូវបង្កើតក្រុមចម្រុះជាមួយគណបក្សផ្សេងទៀត។
យ៉ាងណាមិញ ជុំវិញការបោះឆ្នោតនៅក្នុងសភារបស់ប្រទេសជប៉ុន ដើម្បីជ្រើសរើសអ្នកជំនួសតំណែងរបស់ លោក Shigeru Ishiba គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខ។
ជម្រាបជូនផងដែរថា យោងតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថា LDP បានជ្រើសរើសយកលោកស្រី Takaichi ដែលបច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ ឲ្យក្លាយជាមេដឹកនាំបក្សថ្មីនេះគឺដើម្បីស្តារទំនុកចិត្តពីសាធារណជនដែលបានខឹងនឹងការកើនឡើងតម្លៃនៃការរស់នៅ ក៏ដូចជាការពន្យារពេលការសន្យានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើជនបរទេស៕

