ការនាំចេញស្បែកជើងរបស់វៀតណាម ទៅអាមេរិក ធ្លាក់ចុះជិត ៣០% ដោយសារពន្ធលោក ត្រាំ

អន្តរជាតិ

ការនាំចេញស្បែកជើងរបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះអស់ ២៧% នៅក្នុងខែកញ្ញា មកនៅត្រឹម ៦១១លានដុល្លារប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ក្នុងចំណោមវិស័យផ្សេងទៀត បន្ទាប់ពីមានការអនុវត្តពន្ធគយខ្ពស់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ យោងតាមគយវៀតណាម បានបង្ហាញឲ្យដឹងទៀតថា ការនាំចេញវាយនភ័ណ្ឌ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ កាលពីខែមុន រហូតដល់ទៅ ២០% ស្របពេលការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ បានធ្លាក់ចុះអស់ ២៤,៣%។

ទន្ទឹមនឹងនេះ ទិន្នន័យបានបង្ហាញឲ្យដឹងទៀតថា ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យទាំងនេះក៏ដោយ ប៉ុន្តែការនាំចេញសរុបរបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិក មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ ពោលគឺត្រឹមតែ ១,៥% មកនៅត្រឹម ១៣,៧ពាន់លានដុល្លារ នៅក្នុងខែកញ្ញា បន្ទាប់ពីត្រូវបានគាទ្រដោយការកើនឡើងនៃការនាំចេញកាហ្វេ និងគ្រឿងម៉ាស៊ីន៕​