កម្ពុជាគ្រោងចំណាយទឹកប្រាក់វិនិយោគជាង៣ពាន់លានដុល្លារ លើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣- ២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើម គម្រោងមួយចំនួនសម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹកនៅកម្ពុជា ដោយបានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣ គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសមិទ្ធផលដ៏សំខាន់គឺការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលទទួលបានការអនុម័តជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក៏ដូចជាជំរុញពាណិជ្ជកម្មផងដែរ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតនូវគំនិតផ្តួចផ្តើមនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយបច្ចុប្បន្នបានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត។

របាយការណ៍ដដែលបានបន្ថែមថា តាមរយៈផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣- ២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើមគម្រោងមួយចំនួនសម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹកនៅកម្ពុជា ដោយបានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣ គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៦គម្រោង ស្មើនឹងទឹកប្រាក់ ២ ៥៦១លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) មានចំនួន ៩គម្រោង ស្មើនឹងទំហំទឹកប្រាក់ ៦៩០លានដុល្លារអាម៉េរិក។ គួរឱ្យកត់សម្គាល់ផងដែរថា គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន២ នឹងបន្តដល់ឆ្នាំ២០៣៣។

គួរបញ្ជាក់ថា ក្នុងចំណោម គម្រោងរយៈពេលខ្លីនឹងមធ្យមចំនួន ១៦គម្រោង មានគម្រោងចំនួន៦ បាននិង នៅពុំទាន់បានចាប់ផ្តើមអនុវត្តនៅឡើយដោយសារពុំទាន់មាន កំពុងអនុវត្ត និង១០គម្រោងផ្សេងទៀត ប្រភពថវិកា និងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍។

បើតាមរបាយការណ៍ខាងលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុង៖ (១) ការតភ្ជាប់ផ្ទៃក្នុងប្រទេស និងក្នុងតំបន់, (២) ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ទៅក្នុងតំបន់ និងពិភពលោក, (៣) ការកាត់បន្ថយតម្លៃដឹកជញ្ជូន និងឡូជីស្លឹក និងបង្កើនភាពប្រកួតប្រជែង, និង (៤) ការជំរុញកំណើនសេដ្ឋកិច្ច ដែលកត្តាទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕