នាយករដ្ឋមន្ត្រីបារាំង ប្រកាសចុះចេញពីតំណែងវិញ ក្រោយឡើងកាន់តំណែងមិនដល់មួយខែ

អន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu ដែលត្រូវបានតែងតាំង កាលពីខែមុន ថ្មីៗនេះ​ បានដាក់ពាក្យលាលែងចេញពីតំណែងវិញ ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ​បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីត្រូវបានប្រកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃទី៦ ខែតុលាថា ប្រធានាធិបតី លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែងរបស់លោក Lecornu ពីនាយករដ្ឋមន្ត្រី។

រំឮកផងដែរថា បន្ទាប់ពីមានការពិគ្រោះយោបល់អស់ជាច្រើនសប្តាហ៍ជាមួយគណបក្សនយោបាយនៅទូទាំងប្រទេស លោក Lecornu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី លោក Macron ត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែតុលា ហើយខណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវប្រកាសបន្ទាប់ពីនោះ។ តែយ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រីថ្មី ហាក់គ្មានការផ្លាស់ប្តូរឡើយ ដោយធ្វើឱ្យមានការខឹងសម្បារពីសំណាក់ទាំងបក្សប្រឆាំង និងសម្ព័ន្ធមិត្ត។

ជុំវិញបញ្ហានេះ បានធ្វើឲ្យមានការងឿងឆ្ងល់អំពីលទ្ធភាពជោគជ័យយូរអង្វែងរបស់រដ្ឋាភិបាល ដោយសារប្រទេសបារាំងកំពុងជាប់គាំងក្នុងវិបត្តិនយោបាយ ដោយមានសភាបែកបាក់គ្នា និងគ្មានបក្សពួកកាន់សំឡេងភាគច្រើន។

ជម្រាបជូនផងដែរថា Lecornu បានក្លាយជានាយករដ្ឋមន្ត្រីទីប្រាំហើយ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក Macron ក្នុងរយៈពេលតិចជាងពីរឆ្នាំចុងក្រោយ។ អតីតនាយករដ្ឋមន្ត្រីមុន គឺលោក Francois Bayrou ត្រូវបានសភាបារាំងបណ្តេញចេញពីតំណែង បន្ទាប់ពីមានជម្លោះជុំវិញផែនការរបស់លោក ក្នុងការបង្ក្រាបបំណុលសាធារណៈ៕​