អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបន្តចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

លោក ឃួង ស្រេង បានថ្លែងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម។

លោកបានបន្ថែមថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងយើងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ខាងលើ ក្រៅពីណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបន្តការចុះបង្ក្រាបគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕