រដ្ឋបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ា សួរ វីរៈ ដែលបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A

ជុំវិញ​ឧកញ៉ា

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានចេញសារថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលបានឧបត្ថម្ភថវិកាចំនួន ១០ ០០០ ០០០រៀល ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្ត បានឱ្យដឹងថា ពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សិស្សានុសិស្សនៅខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២នាក់, និទ្ទេស B ចំនួន ៥២នាក់, និទ្ទេស C ចំនួន ១៥៣នាក់ ,និទ្ទេស D ចំនួន ៣០៧នាក់ និងនិទ្ទេស E ចំនួន ៣១៦នាក់។

គួររំឭកថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីពេលថ្មីៗនេះ ក៏បានប្រកាសឧបត្ថម្ភនូវកញ្ចប់ធ្វើដំណើរសេរី VET Express ដើម្បីធ្វើដំណើរគ្រប់ប្រភេទរថយន្ត វិរៈ ប៊ុនថាំ ដោយឥតគិតថ្លៃ ទាំងក្នុងស្រុក និងក្រៅស្រុក រយៈពេល១ឆ្នាំពេញ ជូនដល់សិស្សនិទ្ទេស A នៃសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ចំនួន ៣,០០៣ នាក់ផងដែរ៕