រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានចេញសារថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group Co.,Ltd និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ជូនថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សិស្សានុសិស្សនៅខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២នាក់, និទ្ទេស B ចំនួន ៥២នាក់, និទ្ទេស C ចំនួន ១៥៣នាក់ ,និទ្ទេស D ចំនួន ៣០៧នាក់ និងនិទ្ទេស E ចំនួន ៣១៦នាក់៕



