គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១,៣ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង។
គម្រោងវិនិយោគទាំង៧ខាងលើ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង (ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង៧ នេះ នឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកែប។
សូមជម្រាបដែរថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ដោយគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក៕


