អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានប្រកាសអំពីផែនការដាំដូងប្រេងថ្មីសារឡើងវិញ នៅលើផ្ទៃដីប្រមាណ ៣ ៩០០ ហិកតា ដោយបែងចែកជា ៤ដំណាក់កាល ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី១០ ខែតុលា អ្នកឧកញ៉ាបានឱ្យដឹងថា លោកបានដឹកនាំក្រុមការងារកសិកម្មចុះពិនិត្យមើល សកម្មភាពគ្រឿងចក្រផ្តួលរំលំកាត់ចិញ្ច្រាំដើមដូងប្រេង ដែលបានដាំកាលពីឆ្នាំ១៩៩៦។ ពេលនេះដល់អាយុកាលដែលត្រូវកាប់ចោលដាំថ្មីជំនួសវិញហើយ ក្នុងគម្រោង ៦០.០០០ដើម ស្មើ៥០០ហិកតា បច្ចុប្បន្នអនុវត្តបានចំនួន ៥៦.៥៥៨ដើមរួចហើយ ស្មើនឹង៩៤% ហើយរយៈពេលពីរសប្ដាហ៍ទៀត នឹងអាចបញ្ចប់ការងារជាស្ថាពរ។
ទន្ទឹមគ្នានេះផងដែរ អ្នកឧកញ៉ាសូមអំពាវនាវទៅដល់ ជនទាំងឡាយណាដែលមានបំណងចង់រំលោភបំពានយកដីចំការដូងប្រេងមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះ សូមមេត្តាគិតគូរពិចារណាអោយបានល្អិតល្អន់ឡើងវិញ ព្រោះបើគម្រោងនេះត្រូវបរាជ័យបោះបង់ចោលនោះ គឺព្រះរាជាណាចក្រកម្ពុជា មិនមានចំការដូងប្រេងទៀតទេ ហើយបុគ្គលិក កម្មករ ប្រជាជនរាប់ម៉ឺននាក់ដែលរស់នៅអាស្រ័យផលពីចំការដូងប្រេងនោះ នឹងត្រូវបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពពួកគាត់ផងដែរ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា យោងតាមស្ថានភាពបច្ចុប្បន្ន ដើមដូងប្រេងមានអាយុ២៧ឆ្នាំហើយ ចាប់តាំងពីបានដាំដុះលើកទី១ នៅលើទឹកដីខេត្តព្រះសីហនុ។ បើប្រៀបធៀបទៅបណ្តាប្រទេសមួយចំនួន អាយុដូងប្រេង ត្រឹម២៥ឆ្នាំប៉ុណ្ណោះ គេនឹងធ្វើការដាំដុះថ្មីឡើងវិញ។ រីឯនៅក្រុមហ៊ុនលោកវិញអាចបន្តការប្រមូលផលរហូតដល់អាយុ២៧ឆ្នាំ។
ទោះយ៉ាងណា ដោយសារទិន្នផលបានធ្លាក់ចុះជាបន្តបន្ទាប់ ម្យ៉ាងដើមដូងប្រេងក៏មានកំពស់ខ្ពស់ពេក ធ្វើឱ្យពិបាកក្នុងការប្រមូលផល ដូច្នេះហើយ ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានសម្រេចកាប់សម្អាតនិងដាំដុះថ្មីសារឡើងវិញតាមគម្រោងឆ្នាំនីមួយៗមានដូចជា៖ ១.ឆ្នាំ២០២៦ ដាំដុះថ្មី ៥០០ហិកតា, ២.ឆ្នាំ២០២៧ ដាំដុះថ្មី ១.០០០ហិកតា, ៣.ឆ្នាំ២០២៨ ដាំដុះថ្មី ១.២០០ហិកតា និង ៤.ឆ្នាំ២០២៩ ដាំដុះថ្មី ១.២០០ហិកតា ដែលសរុបទាំងអស់មានចំនួន ៣.៩០០ ហិកតា៕








