ស្ថាប័នពាក់ព័ន្ធ បើកកិច្ចពិភាក្សាលើសសរស្តមចំនួន៥ ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០

សង្គម​ និង​សេដ្ឋកិច្ច

តំណាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធក្រោមក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សារួមគ្នា ដើម្បីពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។កិច្ចពិភាក្សានេះ បានធ្វើឡើង កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោកស្រី តឹករ៉េត កំរង បានថ្លែងថាកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសនេះ មានការធ្វើបទបង្ហាញ ពិនិត្យ និងផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងបឋមនៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលមានសសរស្តម្ភចំនួន ៥ រួមមាន៖ ១. ពាណិជ្ជកម្មអន្តរជាតិ ២. ពាណិជ្ជកម្មជាតិ និងខ្សែច្រវាក់តម្លៃ ៣. ពាណិជ្ជកម្មឌីជីថល ៤. កំណែទម្រង់ និងការរើកចម្រើនពាណិជ្ជកម្ម ៥. ការត្រៀម និងក្រោយពេលចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្ម​ ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗ នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់បន្តថា ការត្រៀមខ្លួនសម្រាប់ការចាកចេញ ពីចំណាត់ថ្នាក់ជាប្រទេស​អភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់ និងស្ថាប័ន ការជំរុញសមត្ថភាពផលិត និងការសម្របសម្រួលពិពិធកម្មការនាំចេញ ​និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ៕ អត្ថបទ៖ហ្សាលីន