សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឈុន កុសល អគ្គនាយកក្រុមហ៊ុន សល សុភា ពាណិជ្ជ ជា «ឧកញ៉ា» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឈុន កុសល ជាពាណិជ្ជករមួយរូប ដែលតែងបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ជាក់ស្តែងនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ដោយសារតែការឈ្លានពាន, លោក ឈុន កុសល រួមជាមួយក្រុមគ្រួសារ បានចូលរួមចំណែកយ៉ាងច្រើន តាមរយៈការនាំយក អំណោយជាគ្រឿងបរិភោគ សម្ភារៈ និងថវិកា ទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងនៅទិសប្រាសាទព្រះវិហារ៕





