នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអគ្គលេខាធិការ រួមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកសមាគមជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ចាន ឡុញ ដែលត្រូវជាម្ដាយក្មេករបស់ អ្នកឧកញ៉ា ហ៊ឺ បាវី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។

មរណភាពរបស់ មហាឧបាសិកា ចាន ឡុញ គឺជាការបាត់បង់យ៉ាងធំធេងនូវម្ដាយបង្កើត ម្ដាយក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅរហូតក្លាយជាធនធានមនុស្សដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំជាពន់ពេកនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ចាន ឡុញ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕











