លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការនគរបាលកូរ៉េ ទទួលបន្ទុកការងារស៊ើបអង្កេត បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញារត់គេចខ្លួន និងឈានទៅដល់ការចាប់ខ្លួន បំពេញនីតិវិធីប្រគល់ជូនភាគីកូរ៉េបានជាច្រើនករណី នាពេលកន្លងមក។

ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងនៅក្នុងឱកាសដែល លោក ប៉ាក ស៊ុងជូ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
តាមការបញ្ជាក់ឱ្យដឹង នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីការបង្កើនទំនាក់ទំនងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមាន អំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងតែមានកំណើននៅក្នុងតំបន់ និងសកលលោក។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកាពគ្នា បន្តជំរុញបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕





