ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានក្រើនរំលឹកឡើងវិញថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្យាថាឥណ្ឌា នឹងឈប់ទិញចូលប្រេងពីរុស្ស៊ីទៀតហើយ ប៉ុន្តែបើសិនរដ្ឋាភិបាលក្រុងញូវដេលីបន្តធ្វើដូច្នេះ នោះនឹងត្រូវប្រឈមមុខទៅនឹងការបង់ពន្ធដ៏ធ្ងន់ធ្ងរមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ៖”ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្រ្តី លោក Modi នៃប្រទេសឥណ្ឌា ហើយគាត់បាននិយាយថា គាត់នឹងមិនធ្វើទិញប្រេងរបស់រុស្ស៊ីទៀតទេ” ។
ប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖” “ប៉ុន្តែប្រសិនបើពួកគេនៅតែចង់បន្តធ្វើរឿងទាំងនោះ ពួកគេនឹងបន្តបង់ពន្ធដ៏ធំ តែខ្ញុំគិតថាពួកគេមិនចង់ធ្វើដូច្នេះទេ” ។
គួរឲ្យដឹងថា ប្រេងរបស់រុស្សីបានក្លាយជាការខឹងសម្បារមួយសម្រាប់លោក ត្រាំ ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដែលបន្តអូសបន្លាយរយៈពេលជាមួយឥណ្ឌា និងឈានដល់ការដាក់ពន្ធគយ ៥០% លើទំនិញឥណ្ឌា ដើម្បីជាការឆ្លើយតបចំពោះការទិញប្រេងរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ីនោះ។ រដ្ឋាភិបាលអាមេរិក បាននិយាយថា ប្រាក់ចំណូលដ៏ច្រើនបានពីប្រេងនឹងបន្តផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ជម្រាបជូនថា ឥណ្ឌាបានក្លាយជាអ្នកទិញដ៏ធំបំផុត របស់ប្រេងររុស្ស៊ីដែលត្រូវបានលក់ក្នុងតម្លៃទាប បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានបដិសេធការទិញ និងដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ សម្រាប់ការចូលលុកលុយលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕

