ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានអំពាវនាវដល់សិស្សនិស្សិតដែលសិក្សាក្រៅប្រទេស ពេលរៀនចប់ ត្រូវវិលត្រឡប់មកជួយអភិវឌ្ឍប្រទេសជាតិវិញ កុំទាន់ចង់រស់នៅប្រទេសគេ។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “ព្រឹកនេះសុំចិត្តបងប្អូន កូនក្មួយ១។ បើមានលទ្ធភាព និងឱកាសទៅសិក្សាក្រៅប្រទេស ក៏ទៅចុះ តែសុំចិត្តថារៀនចប់វិលមកយកចំណេះ ជំនាញ ជួយអភិវឌ្ឍប្រទេសជាតិយើងសិន កុំអាលរស់នៅទីនោះ”។
លោកឧកញ៉ា បានបន្ថែមថា ប្រទេសយើងពិតជាត្រូវការមូលធនមនុស្សល្អៗច្រើនទៀតណាស់ ដើម្បីអភិវឌ្ឍប្រទេសមួយនេះឱ្យរីកចម្រើនស្មើមុខស្មើមាត់នឹងប្រទេសជិតខាង កុំឱ្យគេនៅបន្តមើលងាយយើង។ បងប្អូនដែលមានលទ្ធភាពក៏សូមជួយវិនិយោគបន្ថែមលើវិស័យអប់រំផង។

កន្លងមក ឧកញ៉ា ប៉ិច បូឡែន ក៏ធ្លាប់ផ្តាំទៅដល់សិស្ស និស្សិតផងដែរថា រឿងអភិវឌ្ឍជាតិ ជារឿងរួមរបស់យើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ វិស័យឯកជន សង្គមសីវិល។ យុវជនយើងទៅធ្វើការក្នុងវិស័យណាក៏ដោយ ត្រូវគិតដល់ផលប្រយោជន៍សង្គមជាតិជាធំ មិនត្រូវគិតតែប្រយោជន៍ឯកជននោះទេ៕

