លោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា ក្រុមហ៊ុនរួមសម្ព័ន្ធនៅម៉ាឡេស៊ីដែលបានមកទស្សនកិច្ចកម្ពុជា គឺបានស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យសុខាភិបាល។

លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួបនោះ លោក Leong Wai Mun បានបង្ហាញឆន្ទៈរបស់ធនាគារ ហុង លីអុង ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ហុង លីអុង ប៊ើហាដ នៅប្រទេសម៉ាឡេស៊ី ដោយមានឆន្ទៈពង្រីកប្រតិបត្តិការដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យសក្តានុពលមួយចំនួនដូចជា ឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃផ្សេងៗទៀត។
លោកក៏បានជម្រាបជូនពីចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនរួមសម្ព័ន្ធនៅម៉ាឡេស៊ីដែលបានមកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងលើកសសើរពីការវិវត្តវិជ្ជមាននៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។

ជាការឆ្លើយតប លោកស្រីទេសាភិបាល បានសាទរចំពោះវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារនាពេលកន្លងមក និងលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការថែមទៀត។ លោកស្រីក៏បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃការរៀបចំបទប្បញ្ញត្តិមួយចំនួនដែលជួយដល់ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារថែមទៀត។
ទន្ទឹមគ្នានោះ លោកស្រីទេសាភិបាលក៏បានជំរុញលើកទឹកចិត្តឱ្យមានការចូលរួមមតិយោបល់សម្រាប់ជាធាតុចូលដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តឱ្យកាន់តែគ្រប់ជ្រុងជ្រោយផងដែរ៕


