សម្ព័ន្ធក្រុមហ៊ុន Carlsberg Group ជួបពិភាក្សាជាមួយ CDC ដើម្បីលើកកម្ពស់គុណភាពផលិតផល

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុនផលិតភេសជ្ជៈ Cambrew Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ សម្ព័ន្ធ Carlsberg Group បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ បានធ្វើលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Cambrew Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ សម្ព័ន្ធ Carlsberg Group ដឹកនាំដោយ លោក Michiel Oerlemans នាយកគ្រប់គ្រងក្រុមហ៊ុន កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ តំណាងសម្ព័ន្ធក្រុមហ៊ុន Carlsberg Group បានជម្រាបអំពី សាវតានៃការឈានជើងចូលទីផ្សារកម្ពុជា, បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម, ខ្សែសង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុន និងការចែកចាយលក់នៅក្នុងទីផ្សារ, ពិសេសគឺការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានា ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែង ក៏ដូចជាស្នើសុំការចែករំលែកទស្សនៈ និងអនុសាសន៍ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូ ក៏ដូចជាបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានាដែលក្រុមហ៊ុនគ្រោងនឹងអនុវត្ត។ លោករំពឹងថា ក្រុមហ៊ុននឹងអាចធ្វើឱ្យម៉ាកសញ្ញា(Brand) ផលិតផលភេសជ្ជៈរបស់ខ្លួន ទទួលបានការគាំទ្រថែមមួយកម្រិតទៀត។

តាមរយៈជំនួបពិភាក្សាខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានផ្តល់ជូននូវគំនិតយោបល់បន្ថែមមួយចំនួន ដើម្បីក្រុមហ៊ុនអាចយកទៅពិចារណា ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដោយក្នុងនោះ CDC ក៏បានផ្តោតលើការបង្កើតនូវកម្មវិធី ឬព្រឹត្តិការណ៍នានាដែលជាសកម្មភាពបង្ហាញនូវការចូលរួមក្នុងទំនួលខុសត្រូវសង្គមផងដែរ៕អត្ថបទ៖ហ្សាលីន