ចិន វ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់

អន្តរជាតិ

យោងតាមទិន្នន័យបឋមពីការិយាល័យស្ថិតិអាល្លឺម៉ង់ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិកហើយ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចូល និងនាំចេញរបស់អាល្លឺម៉ង់ ជាមួយប្រទេសចិន មានចំនួនសរុប ១៦៣,៤ពាន់លានអឺរ៉ូ (១៩០,៧ពាន់លានដុល្លារ) គិតចាប់ពីខែមករា ដល់ខែសីហា ខណៈពេលដែលពាណិជ្ជកម្មជាមួយអាមេរិកវិញ មានចំនួនសរុបត្រឹមតែ ១៦២,៨ពាន់លានអឺរ៉ូប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា អាមេរិកគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ នៅក្នុងឆ្នាំ២០២៤ នៅពេលដែលអាល្លឺម៉ង់ព្យាមយាមកាត់បន្ថយការពឹងផ្នែកលើចិន ដោយលើកឡើងពីភាពខុសប្លែកគ្នានៃនយោបាយ និងថែមទាំងបានចោទទីក្រុងប៉េកាំងពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ សក្តានុពលពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់ បានផ្លាស់ប្តូរ ពោលគឺគិតចាប់តាំងពីការវិលត្រលប់មកកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ និងការដាក់ចេញវិធានការពន្ធគយខ្ពស់ ផងដែរ៕​