កម្ពុជា-អាមេរិក បើកកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន ដើម្បីជំរុញការធ្វើធុរកិច្ចទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក (The 3rd Cambodia-United States of America Public-Private Sector Dialogue) ដើម្បីរួមគ្នាជំរុញការធ្វើធុរកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា, លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក នេះ បានផ្តោតសំខាន់លើប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអាម៉េរិក សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។ កិច្ចសន្ទនានេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជាការពង្រឹងជំនឿចិត្តរបស់វិស័យឯកជន។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពិសេស សហរដ្ឋអាម៉េរិកគឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា។

តាមរយៈវេទិកានៃកិច្ចសន្ទនានេះដែរ  តំណាងវិនិយោគិនអាម៉េរិក បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំង២លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើធុរកិច្ច ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

សូមជម្រាបដែរថា ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ក៏បានជម្រាបជូនផងដែរអំពី គម្រោងនៃការដឹកនាំគណៈប្រតិភូកម្ពុជាចេញទៅបំពេញបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៤ នៃខែតុលា និងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះផងដែរ៕ អត្ថបទ៖ហ្សាលីន