សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចយកមកដោះស្រាយបញ្ហាព្រំដែន បាននោះឡើយ ព្រោះធាតុចូលនៃកិច្ចព្រមព្រៀងនេះ បានចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលជាច្បាប់កំពូលរបស់កម្ពុជារួចទៅហើយ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងក្រុងប៉ារីសទាំងឡាយ គួរតែដឹងរឿងរ៉ាវហេតុការណ៍ ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ?ហើយ អ្នកដែលចង់ស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ធ្វើមិនយល់ឬយ៉ាណា? ហើយសួរថា បើយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីស មកដោះស្រាយ តើសហប្រធានឥណ្ឌូណេស៊ី និងបារាំង រួមទាំងបណ្តាប្រទេសហត្ថលេខី យល់ព្រមដែរទេ? ពិតជាមិនអាចទៅរួច ដោយសារតែកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់ទៅអ្នកដែលមិនយល់ ឬធ្វើជាមិនយល់ ឬធ្វើក៏ធ្វើភ្លើឱ្យដឹងថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចហើយ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
ហេតុនេះ បើតាមសម្តេចបានបញ្ជាក់ថា រឿងរ៉ាវព្រំដែននេះ គឺទៅហួសទៅដល់តុលាការយុត្តិធម៌ ICJ ទៅហើយ។ ហើយបច្ចុប្បន្ន ប្រទេសទាំងពីរឈានទៅដល់ការចរចាសន្តិភាព ដោយមិនពឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះឡើយ។
សូមរម្លឹកថា ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមនៅក្នុងខែឧសភា និងកាន់តែមានភាពខ្លាំងឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ ការប៉ះទង្គិចគ្នាដោយអាវុធដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥នេះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ និងមានប្រជាជនរាប់សែននាក់ ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះទៅកាន់ទីកន្លែងសុវត្ថិភាព។
បច្ចុប្បន្ន កម្ពុជា-ថៃ កំពុងបង្ហាញសញ្ញាល្អឈានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ហើយកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន ដោយមានការចូលរួមជាសាក្សីពីសំណាក់មេដឹកនាំធំៗ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម៕ អត្ថបទ៖ហ្សាលីន

