កម្ពុជា ប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ខណៈកម្ពុជាបានដកហូតអាជ្ញាប័ណ្ណ និងកំចាត់គេហទំព័រល្បែងអនឡាញជាង១ពាន់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់។ ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្តាញ ឧក្រិដ្ឋជន និងនាំខ្លួនជនល្មើសមកផ្តន្ទាទោស។

ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈមឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែនប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋកម្មទាំងនោះ ធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ដែលធ្វើឱ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការបង្ខិតបង្ខំ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើនប្រតិបត្តិការទូទាំងប្រទេសដើម្បីកំណត់មុខសញ្ញា ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖ ការពង្រឹង និងអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោក និងការសំអាតប្រាក់ ព្រមទាំងការធ្វើបច្ចុប្បន្នកម្មលើបទប្បញ្ញត្តិស្តីពីភស្តុតាងឌីជីថល និងការស្វែងរកទ្រព្យសម្បត្តិជាដើម។ បង្កើនការសម្របសម្រួលអន្តរស្ថាប័នក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ច។ អនុវត្តការត្រួតពិនិត្យគោលដៅ ចុះឆែកឆេរ និងចាប់ខ្លួនមេខ្លោង និងអ្នកសមគំនិត ព្រមទាំងរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម ដូចជាសាច់ប្រាក់ រូបិយបណ្ណគ្រីបតូ យានយន្ត និងអចលនទ្រព្យ។

រាជរដ្ឋាភិបាល ក៏បានចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ រួមទាំងការដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំនួ ១២០ ការផ្អាកគេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ និងការបង្កកគណនីធនាគារខុសច្បាប់ដែលភ្ជាប់ទៅ នឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា បានធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេស។ ប្រតិបត្តិការទាំងនោះ បានឈានទៅដល់ការបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ការចាប់ខ្លួនជនសង្ស័យ។

កម្ពុជា កំពុងរៀបចំបង្កើតក្រុមការងារបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាថ្នាក់ជាតិ បង្កើនសមត្ថភាពធ្វើកោសល្យវិច្ច័យឌីជីថល និងបន្តសហការជាមួយដៃគូទាំងអស់ ដើម្បីពង្រឹងក្របខ័ណ្ឌការអនុវត្តច្បាប់ឆ្លងព្រំដែន និងអភិបាលកិច្ចនៃប្រព័ន្ធបច្ចេកវិទ្យា។ លទ្ធផលទាំងនេះ បញ្ជាក់ពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការពារសុចរិតភាពនៃ ប្រព័ន្ធឌីជីថល និងលើកកម្ពស់បណ្តាញបច្ចេកវិទ្យាក្នុងតំបន់ដែលមានសុវត្ថិភាពជាងមុន។

សូមអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លម្អិតដូចខាងក្រោម៖