សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធមកលើកម្ពុជា បង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាសិក្សានៅ West Point ព្រមទាំងបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។

នេះបើយោងតាមសេចក្តីប្រកាសសតវិមាន នៃលទ្ធផលនៃជំនួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសសតវិមាន បានបញ្ជាក់ថា ក្រោយខកខានធ្វើជិត១០ឆ្នាំ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ។

សេចក្តីប្រកាសដដែលក៏បានគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជា សិក្សានៅមហាវិទ្យាល័យយោធា សហរដ្ឋអាមេរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និង ផ្សេងៗទៀត ហើយសហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៉ិនធឺណិត។
សូមជម្រាបថា ការសម្រេចរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពីភាក្សាគ្នាជាលើកដំបូងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងគូឡាឡាំពួរ ហើយសហរដ្ឋអាមេរិក ពិនិត្យពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើការខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងសន្តិសុខ៕ អត្ថបទ៖ហ្សាលីន


