ឥណ្ឌូណេស៊ី គ្រោងចាយលុយជាង ៣ពាន់លានដុល្លារ សង់រោងចក្រផលិតជីថ្មីៗចំនួន៧

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគម្រោងបង្កើតរោងចក្រផលិតជីទំនើបថ្មីៗចំនួនប្រាំពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីពង្រឹងតម្រូវការក្នុងស្រុករបស់ខ្លួន ដែលក្នុងនោះមានប្រាំរោងចក្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យក្រសួងកសិកម្មកាលពីពេលថ្មីៗនេះថា ថវិកាអភិវឌ្ឍនៅក្នុងគម្រោងនេះ មានប្រមាណ ៥០ទ្រីលានរូពី (ឬប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក)។

មិនតែប៉ុណ្ណោះ លោក Sulaiman បានមានប្រសាសន៍ថា កម្មវិធីគ្រប់គ្រងជីរបស់ក្រសួងក៏បានជួយដល់ក្រុមហ៊ុនផលិតជីរដ្ឋ PT Pupuk Indonesia បង្កើនប្រាក់ចំណេញរបស់ខ្លួន ដែលត្រូវបានគេព្យាករថានឹងអាចឈានដល់ ២,៥ទ្រីលានរូពី​ នៅឆ្នាំ២០២៦ ដោយប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួន ៧,៥ទ្រីលានរូពី។

លើសពីនេះ ការបង្កើតរោងចក្រថ្មីៗ នឹងបង្កើតឱកាសដើម្បីបង្កើនការផលិតជីឧបត្ថម្ភធនបន្តិចម្តងៗដល់ ៧០០ ០០០ តោននៅឆ្នាំ២០២៩។

លោក Sulaiman បានសង្កត់ធ្ងន់ទៀតថា គោលនយោបាយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រកសិករដោយធានាការផ្គត់ផ្គង់ជីគ្រប់គ្រាន់ និងលទ្ធភាពទិញដើម្បីរក្សាសន្តិសុខស្បៀងជាតិ៕​