ថ្នាក់ដឹកនាំកម្ពុជា-អូស្ត្រាលី ចាប់ដៃគ្នាឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចធិបតី និងលោក Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចធិបតី ពី ៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥។ សម្ដេចបានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចធិបតី ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកបញ្ហាទាំងនេះជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ និងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងដំណើរការរកដំណោះស្រាយនេះ៕