លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញទៅកាន់វិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ការជំរុញនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារជាមួយ ជាមួយលោក Yasir Naqvi ជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជា លេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដើម្បី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដាផងដែរ។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។លោក ក៏បានបង្ហាញផងដែរនូវការគាំទ្ររបស់កម្ពុជាលើកិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

ជុំវិញរឿងនេះ លោក Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្ត យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពិនិត្យលទ្ធភាពបន្តកិច្ចសហការលើកិច្ចការវិនិយោគ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែល្អមួយកម្រិតទៀត ខណៈភាគីទាំងពីរ ថែមទាំងប្តេជ្ញា ធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក៕អត្ថបទ៖ហ្សាលីន


