រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់ចំណេះដឹងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល និងក្រសួង័ត៌មាន ឱ្យកាន់តែសស្រាកសស្រាំ ដើម្បីទប់យ៉ាងណាទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យកើតមានច្រើននៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «ខ្ញុំជឿថាតាមរយៈបងប្អូនអ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងចែករំលែកចំណេះដឹងដែលទទួលបាននេះដល់ក្រុមការងារ ពីរបៀបទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ តាមរយៈការបណ្តុះបណ្តាលអ្នកសារព័ត៌មានកាន់តែជ្រួតជ្រាតសម្បូរបែប ពីយុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខ្ញុំលើកទឹកចិត្តឱ្យប្អូនអ្នកសារព័ត៌មាន បើសិនជាឃើញថាព័ត៌មានហ្នឹងក្លែងក្លាយ រូបភាពក្លែងក្លាយ ត្រូវប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដែលទទួលបានចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាមួយរដ្ឋាភិបាល និងក្រសួងព័ត៌មាន»។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា ចំពោះការរៀបចំវគ្គបណ្តុំបណ្តាលស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជូនមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអាជីពនៅកម្ពុជា អាចចូលរួមចំណែកកាន់តែខ្លាំងបន្ថែមទៀតដល់អ្នកសារព័ត៌មាន ដោយបានបំពាក់នូវចំណេះដឹងថ្មី ជាអាវុធបំពាក់ខ្លួនឯងផង និងបំពាក់នូវចំណេះដឹងថ្មីនៃការងារ គ្រប់គ្រង និងប្រឆាំងព័ត៌មានក្លែងក្លាយ។

ទន្ទឹមនឹងនេះ លោក នេត្រ ភក្រ្ដា បញ្ជាក់ថា «យើងត្រូវរៀនរស់ជាមួយព័ត៌មានក្លែងក្លាយ យើងមិនអាចទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងស្រុងបានទេ ហើយបើចង់ទប់ស្កាត់ព័ត៌មានទាំងនេះបានចាំបាច់ណាស់យើងត្រូវបណ្តុះបណ្តាល។ វិធានការមួយក្នុងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានជារឿងចាំបាច់បំផុត មួយទៀត គឺការផ្តល់នូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ»។

ក្នុងនាមជារដ្ឋមន្រ្ដី ក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា បានបញ្ជាក់បន្ថែមថា ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺយើងត្រូវចូលរួមទាំងអស់គ្នាមិនចាំបាច់តែស្ថាប័នពាក់ព័ន្ធចេញមកបំភ្លឺតែម្នាក់នោះទេ។ បងប្អូនយើងដឹងថាព័ត៌មាននោះក្លែងក្លាយ ហើយអាចចេញមកបញ្ជាក់អ្វីដែលជាការពិតជាក់ស្តែងបាន ដោយយើងអាចចូលរួមជាមួយរដ្ឋាភិបាល ជាមួយក្រសួងព័ត៌មានបាន»៕