ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឱកាសការងារនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញចំនួន ២៣,៥៩៨កន្លែង កំពុងរងចាំបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

បើយោងតាមការបញ្ជាក់ពីក្រសួងការងារបានឱ្យដឹងថា ឱកាសការងារនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនេះ ជ្រើសរើសជាច្រើនជំនាញទៅតាមរោងចក្រ សហគ្រាសនីមួយៗ ដែលមានដូចជា វិស័យកាត់ដេរ, បុគ្គលិកដឹកជញ្ជូន, កម្មករទូទៅ, អ្នកបញ្ជារម៉ាស៊ីនដេរ, កម្មករផលិតកម្ម, ជាងថែទាំរថយន្ដ, អ្នកការពារសន្ដិសុខ, ផ្នែកធ្វើស្បែកជើង, អ្នកបំបែកសាច់មាន់, ផ្នែកCashier, ផ្នែកលើកឥវ៉ាន់, មន្រ្ដីឥណទាន, អ្នកបើកបរ, អ្នកត្រួតពិនិត្យ, ផ្នែកស្វាគមន៍ភ្ញៀវចូលតុ, ភ្នាក់ងារលក់ដីឡូត៍, អ្នកបម្រើនៅស្ថានីយ៍, ផ្នែកអគ្គិសនី, ផ្នែកលក់ ចេះភាសាចិន, ផ្នែកទីផ្សារ, អ្នកតម្លើងយានយន្ដ និងផ្នែកផ្សេងៗជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងទៅភ្នាក់ងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ទ្ទលេខ ១២៩៧។
សូមបញ្ជាក់ថា ក្រៅពីរាជធានីភ្នំពេញ, ខេត្ដទាំង២៤ផ្សេងទៀត ក៏ប្រកាសជ្រើសរើសបុគ្គលិកជាច្រើនម៉ឺនកន្លែងផងដែរ។ បើតាមការបញ្ជាក់បន្ថែមពីក្រសួងការងារ នៅដើមខែវិច្ឆិកានេះ ឱកាសការងារនៅក្នុងភូមិសាស្រ្ដរាជធានី ខេត្ដទូទាំងប្រទេសកម្ពុជាមាន ចំនួន ៧៥,៣០២ កន្លែង ដែលកំពុងរងចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលត្រឡប់ពីប្រទេសថៃ មកដាក់ពាក្យធ្វើការ៕
















