សម្តេចធិបតី ណែនាំឱ្យក្រសួងកសិកម្ម ពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្មកម្ពុជា។ នេះបើយោងតាមសារលិខិតរបស់សម្តេច ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥)ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់ក្រសួងកសិកម្ម ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី ដែលមានសក្តានុពល និងធានានិរន្តរភាពបរិស្ថាន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។

ជាមួយគ្នានេះ សម្តេចក៏ឱ្យក្រសួងបន្តបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬនវានុវត្តន៍ ដូចជាកម្មវិធីសៀវភៅកសិកម្ម និងទិន្នន័យស្តីពីការដាំដុះ និងការពារ ផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភផងដែរ។

តាមរយៈសារលិខិតខាងលើ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ច វឌ្ឍនភាព និងវិបុលភាពសង្គម៕ អត្ថបទ៖ហ្សលីន