ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេលំដាប់កំពូលរបស់ពិភពលោក Starbucks ថ្មីៗនេះ បានប្រកាសថាខ្លួននឹងលក់ភាគហ៊ុននៅក្នុងប្រតិបត្តិការលក់រាយក្នុងប្រទេសចិន ទៅឲ្យក្រុមហ៊ុនវិនិយោគ Boyu Capital គ្រប់គ្រង ជាមួយកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

នៅក្រោមកិច្ចព្រមព្រៀងនេះ Boyu នឹងទទួលបានភាគហ៊ុនសរុប ៦០% នៅក្នុងប្រតិបត្តិការលក់រាយរបស់ Starbucks នៅក្នុងប្រទេសចិន។ ហើយ Starbucks នឹងរក្សាភាគហ៊ុន ៤០% នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ក៏ដូចជាបន្តកាន់កាប់ និងផ្តល់អាជ្ញាប័ណ្ណម៉ាកយីហោ Starbucks ដដែល។
គួរឲ្យដឹងថា Starbucks បានចូលមកប្រទេសចិនកាលពីជិត ៣០ឆ្នាំមុន ហើយត្រូវបានគេសរសើរចំពោះវប្បធម៌កាហ្វេដែលកំពុងរីកចម្រើននៅក្នុងប្រទេសនេះ។ ចិនគឺជាទីផ្សារធំបំផុតទីពីររបស់ Starbucks ក្រៅពីសហរដ្ឋអាមេរិក ដែលមានហាងសរុប ៨ ០០០ កន្លែង។
ប៉ុន្តែទោះជាយ៉ាងណាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនហាងកាហ្វេដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះបានជួបផលលំបាកយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ជាមួយនឹងការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកដែលមានតម្លៃថោក និងរីកចម្រើនយ៉ាងឆាប់រហ័សដូចជា Luckin Coffee ជាដើម។
ហើយជាលទ្ធផល Starbucks បានសម្រេចចិត្តស្វែងរកដៃគូដើម្បីជួយឲ្យខ្លួនពង្រីកអាជីវកម្មបន្ថែមទៀត នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងតូចៗ។ កាលពីខែកក្កដា លោក Brian Niccol ប្រធាន និងជានាយកប្រតិបត្តិរបស់ Starbucks បាននិយាយថា ក្រុមហ៊ុនកំពុងវាយតម្លៃចំពោះការផ្តល់ជូនការលក់ភាគហ៊ុនកាន់តែច្រើនបន្ថែមទៀត នៅក្នុងទីផ្សារប្រទេសចិន៕

