ការទូទាត់ឆ្លងដែនតាមហ្សូអរកួត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី បានការដាក់ឱ្យដំណើរការជាផ្លូវការ(ដំណាក់កាលទី១៖ កម្ពុជាស្តេន យ្យអរកួតនៅក្នុងប្រទេសសិង្ហបុរី) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដាក់ដំណើរការជាផ្លូវការនេះ មានការចូលរួមពី លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅក្នុងឱកាស នៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

លោកស្រី ជា សិរី បានឱ្យដឹងថា ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួត ដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ ថ្លៃទំនិញនិងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះនឹង រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការអញមតិ ទូទាត់ភ្លាមៗ។ ការណ៍នេះពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពរវាងប្រទេសទាំងពីរ។

គួរជម្រាបថា គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យ រួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យ វែងឆ្ងាយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្ម ក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕


