សារព័ត៌មានដ៏ល្បីល្បាញរបស់អង់គ្លេស BBC កាលពីពេលថ្មីៗនេះ បានចេញមុខសុំទោសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការបង្ហោះវីដេអូដែលដែលបណ្តាលឲ្យសាធារណជនមានការយល់ច្រលំអំពីសេចក្តីថ្លែងការរបស់លោក ទាក់ទងទៅនឹងកុបកម្មដ៏ធំនៅវិមាន Capitonl Hill ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេបានបដិសេធមិនព្រមផ្តល់សំណងណាមួយ ទៅកាន់មេដឹកនាំអាមេរិករូបនេះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញបញ្ហានេះ ប្រធាន BBC លោក Samir Shah បានផ្ញើលិខិតផ្ទាល់ខ្លួនមួយទៅកាន់សេតវិមាន ដោយបញ្ជាក់យ៉ាងច្បាស់ដល់ប្រធានាធិបតី លោក ត្រាំ ថា លោក និងស្ថាប័នរបស់ខ្លួនមានការសោកស្តាយខ្លាំង ចំពោះការបង្ហោះវីដេអូអំពីសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ដែលហាក់ដូចជាការបង្ហាញថា លោក ត្រាំ កំពុងពាវនាវឲ្យមានការប្រើអំពើហិង្សា មុនពេលពេលមានកុបកម្មនៅវិមាន Capitol។
យ៉ាងណាមិញ ចំពោះការចេញសុំទោសនេះ បានកើនឡើង នៅពេលដែលក្រុមមេធាវីរបស់លោក ត្រាំ បានព្រមានការពីចុងសប្តាហ៍មុនថា លោកនឹងប្តឹង BBC ដោយទាមទារសំណងជាទឹកប្រាក់រហូតដល់ទៅ ១ពាន់លានដុល្លារ លុះត្រាតែពួកគេដកចេញនូវវីដេអូឯកសារនោះចេញ ក៏ដូចជាការសុំទោស។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែល BBC បានសម្តែងការសោកស្តាយយ៉ាងស្មោះស្ម័គ្រចំពោះកំហុសនេះក៏ដោយ ប៉ុន្តែពួកគេបានបដិសេធមិនព្រមផ្តល់សំណងណាមួយឡើយ ដោយបាននិយាយថាវាគ្មានភស្តុតាងគ្រប់គ្រាន់ សម្រាប់លោក ត្រាំ ដើម្បីប្តឹងស្ថាប័នរបស់ខ្លួន ពីបទបរិហាកេរ្តិ៍ នេះនោះឡើយ៕

