លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រមូលទិញស្រូវប្រចាំថ្ងៃ របស់រោងម៉ាស៊ីនដៃគូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានកើនឡើងដល់ ១៧០០០តោនហើយ ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះស្រូវនៅតាមទីវាល រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម បានប្រមូលទិញស្រូវជាបន្តបន្ទាប់ ដោយក្នុងនោះមានប្រភេទស្រូវចំនួន៤ គឺ ស្រូវផ្ការំដួល ស្រូវវស្សា ស្រូវកែង និងស្រូវស្រងែ។
ក្រសួងកសិកម្ម បានរំពឹងទុកថាការប្រមូលទិញស្រូវនឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕


