ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះប្រមូលទិញស្រូវផ្ទាល់មុនគេបង្អស់ពីកសិករ ដែលមានគ្រួសារជាកងទ័ពជួរមុខ នៅខេត្តព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

(ព្រះវិហារ)៖ ក្នុងឆន្ទៈ គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅ ទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ កាលពីថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការដឹកនាំពី អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។ ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសទិញស្រូវក្នុងតម្លៃ ១,០០០ រៀល/គីឡូក្រាម ចំនួន ៥,០០០ តោន ពីគ្រប់បណ្តាប្រជាកសិករទាំងអស់ ទូទាំងប្រទេស។  

នេះមិនត្រឹមជួយកសិករក្នុងរយៈពេលតែ ១ ឆ្នាំនោះទេ ប៉ុន្តែនឹងជួយប្រមូលទិញស្រូវ ៥,០០០ តោន ជារៀងរាល់ឆ្នាំ ដើម្បីឱ្យកសិករខ្មែរ បន្តទទួលបានប្រាក់ចំណូលពីផលិតផលកសិកម្មរបស់ពួកគាត់ ធ្វើឱ្យកសិករយើងមានកម្លាំងចិត្តក្នុងការបង្កបង្កើនផល និងងាកមកដាំដុះពូជស្រូវខ្មែរឱ្យបានច្រើនឡើងវិញ។

ជាមួយនឹងស្មារតីចេះជួយគ្នាពេលគ្រាលំបាកនេះ ស្រូវដែលទិញបានក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាម      បណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងតម្លៃដដែលដោយមិនគិតពីប្រាក់ចំណេញ ពោលគឺធ្វើយ៉ាងណាគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ជៀសផុតពីទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ខ្មែរ ប៊ែវើរីជីស សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ជាពិសេសស្រូវអង្ករខ្មែរឱ្យបានកាន់តែច្រើនតាមដែរអាចធ្វើបាន។ ការចូលរួមរបស់យើងទាំងអស់គ្នា នឹងជាកម្លាំងចលករធ្វើឱ្យកសិករខ្មែរមានជីវភាពកាន់តែល្អប្រសើរ និងជាជំហានថ្មីនាំសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយកម្រិតទៀត។

ខ្មែរ ប៊ែវើរីជីស តែងតែនៅពីក្រោយគាំទ្រ ផលិតផលកសិករខ្មែរ!
ខ្មែរជួយខ្មែរ! យើងទាំងអស់គ្នារួមគ្នាជាធ្លុងមួយលើកស្ទួយផលិតផលជាតិ!