ឧកញ៉ា ឈុន វ៉ាន់ឌី ណែនាំបុគ្គលិកស្ថានីយ​ប្រេងឥន្ធនៈតេលាខ្មែរ ឱ្យគោរពវិន័យនិងមានទំនួលខុសត្រូវការងារ​ច្បាស់លាស់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងក្រុមហ៊ុនកម្ពុជាតេលា បានណែនាំដល់បុគ្គលិកទាំងអស់ ឱ្យចេះរៀនសូត្រ​ពី​ការងារតូចតាច គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន មានទំនួលខុសត្រូវការងារច្បាស់លាស់ និងរក្សាការ​អភិវឌ្ឍខ្លួន​ជាប្រចាំ ដើម្បីអាចមានឱកាសខ្លាចជាអ្នកដឹកនាំ នាពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់លោកឧកញ៉ាខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ​ស្តីពី “ផែនការយុទ្ធសាស្ត្រតេលាខ្មែរ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅនាយកដ្ឋានពាណិជ្ជកម្មលក់រាយ​នៃក្រុមហ៊ុនកម្ពុជាតេលា។

កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយពីនីតិវិធីប្រតិបត្តិបទដ្ឋាន (SOP) សម្រាប់ការគ្រប់គ្រងស្ថានីយ​ប្រេងឥន្ធនៈតេលាខ្មែរ និងគោលការណ៍វប្បធម៌តេលាខ្មែរ ដើម្បីស្វែងយល់កាន់តែច្បាស់នូវការគ្រប់គ្រងទូទៅ ការអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ បង្កើនកិច្ចសហការរឹងមាំ និងពង្រឹងការយកចិត្តទុកដាក់​លើ​អតិថិជន​បានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោកឧកញ៉ា អគ្គនាយករង បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដើម្បី​ក្លាយ​ជាអ្នកដឹកនាំល្អ ត្រូវរៀនពីការងារតូចតាច ត្រូវដឹងឱ្យច្បាស់ពី SOP នីមួយៗ, ត្រូវមានដំណើរការការងារ​ច្បាស់លាស់, មានបញ្ជីត្រួតពិនិត្យត្រឹមត្រូវ និងត្រូវមានវិន័យក្នុងខ្លួន, មានទំនួលខុសត្រូវការងារ ហ៊ានទទួលស្គាល់​កំហុសហើយកែតម្រូវ, រក្សាការអភិវឌ្ឍខ្លួនជានិច្ច ទើបមានការរីកចម្រើន។

ក្រុមហ៊ុនកម្ពុជាតេលា បានបញ្ជាក់ថា ក្រោយបញ្ចប់វគ្គនេះ បុគ្គលិកទាំងអស់ បានយល់ច្បាស់ពីទិសដៅផែនការ​ការងារបន្ត ដែលត្រូវអនុវត្តជាប្រចាំស្របតាមស្តង់ដាការគ្រប់គ្រងស្ថានីយ ដើម្បីសម្រេចបាននូវគោលការណ៍​វប្បធម៌តេលាខ្មែរ និងផ្តល់សេវាកម្មអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕