បងប្អូនបន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយជាកញ្ចប់មក អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលយកដំណោះស្រាយប្រកបដោយស្នាមញញឹម ដែលនេះជាការបង្ហាញឲ្យឃើញថា ក្រោយភ្លៀងមេឃស្រឡះពិតមែន។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ផេកអ្នកឧកញ៉ាបានបង្ហាញភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។
ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។
បន្ថែមពីលើនេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕











