កំពូលតារាបាល់ទាត់ Cristiano Ronaldo ថ្មីៗនេះ ហាក់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ អំឡុងពេលរូបគេបានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងសេតវិមាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន US Today។

គួរឲ្យដឹងផងដែរថា Ronaldo ត្រូវបានចាត់ទុកថាជាភ្ញៀវកិត្តិយសដ៏សំខាន់បំផុតមួយ នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចដ៏ពិសេស ដែលមានការចូលរួមពីបុគ្គលកំពូលៗផ្សេងទៀត រួមមានមហាសេដ្ឋី Elon Musk និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ជាដើម។
យ៉ាងណាមិញ ដោយបានថ្លែងទៅក្នុងពិធីពិសាអាហារពេលល្ងាចនោះ លោក ត្រាំ បានលើកឡើងពីឈ្មោះរបស់ Ronaldo ចំៗ និងថែមទាំងបាននិយាយទៀតថា កូនប្រុសពៅរបស់លោក Barron Trump គឺជាអ្នកគាំទ្រដ៏ងប់ងល់មួយរបស់តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ វ័យ ៤០ឆ្នាំរូបនេះ ខណៈប្រធានាធិបតីអាមេរិក ក៏បានចាត់ទុកថាជាកិត្តិយសមួយ ដែល Ronaldo បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងសេតវិមាន ផងដែរ។
ជម្រាបជូនផងដែរថា កម្មវិធីនោះជាការស្វាគមន៍សម្រាប់មេដឹកនាំជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត នៅពេលដែល Ronaldo បានអមដំណើររបស់ព្រះអង្គម្ចាស់ Mohamed Bin Salman ដែលបានធ្វើដំណើរទស្សនៈកិច្ច និងបានជួបប្រជុំជាមួយលោក ត្រាំ នៅអាមេរិក ក្រោយខកខានតាំងពីឆ្នាំ២០១៨ មក៕

