អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជូនកន្ត្រកផ្កាចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន២រូប ដែលទទួលបានការតែងតាំងមុខតំណែងជា អនុប្រធាន និងមានឋានៈស្មើ “រដ្ឋមន្ត្រី”។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហោះរូបភាព និងភ្ជាប់ជាមួយសារបែបនេះថា៖ “អបអសាទរ! តែងតាំងមុខតំណែង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២រូប៖ ១- ឯកឧត្តម អ៊ុក ឃ្នួច ជាអនុប្រធាន មានឋានៈស្មើ រដ្ឋមន្រី្ត និង ២- ឯកឧត្តម គីម វិរៈ ជាអនុប្រធាន មានឋានៈ ស្មើ រដ្ឋមន្រ្តី និងជាអគ្គលេខាធិការ”។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២រូបគឺ៖ ១-ឯកឧត្តម អ៊ុក ឃ្នួច ជាអនុប្រធាន មានឋានៈស្មើ រដ្ឋមន្រី្ត និង ២-ឯកឧត្តម គីម វិរៈ ជាអនុប្រធាន មានឋានៈស្មើ រដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕






